John 18

ព្រះយេស៊ូត្រូវ​គេ​ក្បត់​

1កាល​ព្រះ​យេស៊ូមានបន្ទូល​អំពី​សេចក្ដី​ទាំងនោះ​រួច​ហើយ​ព្រះអង្គ​ក៏​ចាកចេញជាមួយ​ពួក​សិស្សរបស់ព្រះអង្គ​ហើយ​បាន​ឆ្លងជ្រលងកេដ្រុន។ ​នៅ​ទីនោះមានសួនច្បារមួយ​ហើយ​ព្រះអង្គ​បាន​យាងជាមួយ​ពួក​សិស្សរបស់ព្រះអង្គទៅក្នុង​សួនច្បារ​នោះ 2យូដាសជា​អ្នកក្បត់ព្រះអង្គ​បាន​ស្គាល់កន្លែងនោះដែរព្រោះ​ព្រះ​យេស៊ូនិង​ពួក​សិស្សរបស់ព្រះអង្គជួប​ជុំ​គ្នា​ជា​ញឹកញាប់​នៅ​ទីនោះ 3ដូច្នេះពេល​យូដាស​បាន​ទទួល​កង​ទាហានរ៉ូមនិង​ពួក​ឆ្មាំព្រះវិហារពី​ពួក​សម្ដេចសង្ឃនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ីរួចហើយ​ក៏​ទៅទីនោះដោយ​មាន​កាន់គោមចន្លុះនិងអាវុធផង 4ព្រះយេស៊ូ​បាន​ជ្រាប​អំពី​អ្វីៗដែល​នឹង​កើតឡើងចំពោះព្រះអង្គ​នោះ​ព្រះអង្គ​ក៏​យាង​ចេញ​មកហើយមានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​រកអ្នកណា 5ពួកគេទូល​ទៅ​ព្រះអង្គថា៖ ​«រក​យេស៊ូជាអ្នក​ក្រុង​ណាសារ៉ែត»។ ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«គឺ​ខ្ញុំនេះហើយ!» ​យូដាសដែល​ជា​អ្នកក្បត់ព្រះអង្គ​ក៏​ឈរជាមួយពួកគេដែរ 6ពេលព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«គឺ​ខ្ញុំនេះហើយ» ​នោះ​ពួកគេ​ក៏​ថយក្រោយហើយដួលទៅលើដី 7ដូច្នេះព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេម្ដងទៀតថា៖ ​«តើ​អ្នករាល់គ្នា​រកអ្នកណា?» ​ពួកគេ​ទូល​ឆ្លើយ​ថា៖ ​«រក​យេស៊ូជាអ្នក​ក្រុង​ណាសារ៉ែត» 8ព្រះយេស៊ូមានបន្ទូល​ឆ្លើយ​ថា៖ ​«ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​ហើយ​ថា​គឺ​ខ្ញុំនេះហើយដូច្នេះបើ​អ្នករាល់គ្នា​រកខ្ញុំ​ចូរ​ឲ្យ​អ្នក​ទាំងនេះទៅចុះ 9ដូច្នេះក៏​បាន​សម្រេចតាមពាក្យដែល​ព្រះអង្គ​បាន​មានបន្ទូលថា៖ ​«ក្នុងចំណោម​អស់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំគ្មានអ្នក​ណា​ម្នាក់​ត្រូវ​វិនាសឡើយ»។ 10រីឯលោក​ស៊ីម៉ូនពេត្រុសគាត់មានដាវមួយ​គាត់​ក៏​ហូត​ដាវ​នោះកាប់បាវបម្រើរបស់​សម្ដេច​សង្ឃម្នាក់ហើយកាត់ដាច់ត្រចៀកស្ដាំ​របស់​បាវបម្រើនោះ។ ​បាវបម្រើ​នោះ​មានឈ្មោះថាម៉ាលកុស 11ព្រះយេស៊ូមានបន្ទូល​ទៅ​លោក​ពេត្រុសថា៖ ​«ចូរ​ដាក់ដាវទៅក្នុងស្រោម​វិញ​ទៅ​តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែងដែល​ព្រះ​វរ​បិតា​បាន​ប្រទានឲ្យខ្ញុំទេ​ឬ?»

ការ​ចាប់​ខ្លួន​ និងការ​សួរ​ចម្លើយ​ព្រះយេស៊ូ

12ពេលនោះកង​ទាហាន​រ៉ូមនិង​មេ​ទ័ពធំព្រមទាំង​ពួក​ឆ្មាំព្រះវិហាររបស់ជនជាតិយូដា​បាន​ចាប់ចង​ព្រះ​យេស៊ូ 13ហើយនាំទៅឲ្យ​លោក​អាណជាមុនដ្បិត​គាត់​ជាឪពុកក្មេក​របស់​លោក​កៃផាដែលជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំនោះ 14លោកកៃផានេះហើយដែល​បាន​ឲ្យយោបល់ទៅជនជាតិយូដាថាបើ​មាន​មនុស្សម្នាក់ស្លាប់ជំនួសប្រជាជននោះ​ជា​ការ​ប្រសើរ​ហើយ។

ពេត្រុស​បដិសេធ​ព្រះយេស៊ូលើក​ទី​មួយ​

15លោក​ស៊ីម៉ូនពេត្រុសនិងសិស្ស​ម្នាក់​ទៀតបាន​ទៅ​តាម​ព្រះ​យេស៊ូហើយ​សម្ដេច​សង្ឃស្គាល់សិស្ស​ម្នាក់​នោះដូច្នេះ​សិស្ស​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​សាលារបស់​សម្ដេច​សង្ឃជាមួយ​ព្រះ​យេស៊ូ 16រីឯលោក​ពេត្រុស​វិញ​គាត់​បាន​ឈរនៅ​មាត់​ទ្វារ​ខាង​ក្រៅ​ដូច្នេះ​សិស្សម្នាក់ដែល​សម្ដេច​សង្ឃស្គាល់​នោះ​បាន​ចេញមកប្រាប់អ្នកយាមទ្វាររួច​ក៏​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង 17ពេលនោះបាវបម្រើស្រី​ដែល​ជាអ្នកយាមទ្វារ​ក៏​និយាយ​ទៅ​លោក​ពេត្រុសថា៖ ​«តើ​អ្នកមិនមែនជាសិស្ស​ម្នាក់​របស់អ្នកនោះដែរទេ?» ​គាត់ឆ្លើយថា៖ ​«ខ្ញុំមិន​មែន​ទេ 18ដោយព្រោះពេលនោះរងា​ពួក​បាវបម្រើនិង​ពួក​ឆ្មាំព្រះវិហារ​ក៏​ឈរអាំងភ្លើង​ដែល​បង្កាត់​ហើយ​ជាស្រេចរីឯ​លោក​ពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេដែរ

សម្ដេច​សង្ឃ​សួរ​ចម្លើយ​ព្រះយេស៊ូ

19ហើយ​នៅ​ពេលនោះ​សម្ដេច​សង្ឃបានសួរ​ព្រះ​យេស៊ូអំពី​ពួក​សិស្សរបស់ព្រះអង្គនិងអំពី​សេចក្ដី​បង្រៀនរបស់ព្រះអង្គ 20ព្រះយេស៊ូមានបន្ទូល​ឆ្លើយ​ទៅសម្ដេចសង្ឃថា៖ ​«ខ្ញុំ​បាន​ប្រកាសប្រាប់មនុស្សលោក​នៅ​ទីសាធារណៈខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំនិងនៅក្នុង​ព្រះ​វិហារ​ជា​កន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នាហើយ​ខ្ញុំ​មិន​ដែល​និយាយអ្វីដោយលាក់កំបាំងទេ 21ហេតុអ្វីលោក​សួរខ្ញុំ​ដូច្នេះ? ​ចូរ​លោក​សួរ​អស់​អ្នក​ដែល​បាន​​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់ពួកគេ​ចុះ​ពួកគេ​ក៏​ដឹង​អំពី​សេចក្ដី​ដែលខ្ញុំ​បាន​និយាយ​ដែរ»។ 22ប៉ុន្តែពេល​ព្រះអង្គមានបន្ទូល​អំពី​សេចក្ដី​ទាំងនេះឆ្មាំព្រះវិហារម្នាក់​ដែល​ឈរជិត​នោះ​បាន​ទះកំផ្លៀង​ព្រះ​យេស៊ូ​ទាំង​និយាយថា៖ ​«ឯង​ឆ្លើយ​ជាមួយ​សម្ដេច​សង្ឃ​យ៉ាង​ដូច្នេះ 23ព្រះយេស៊ូឆ្លើយ​ទៅ​អ្នកនោះថា៖ ​«បើ​ខ្ញុំ​និយាយអាក្រក់មែន​ចូរ​ធ្វើបន្ទាល់អំពីសេចក្ដីអាក្រក់នោះចុះប៉ុន្តែបើល្អវិញ​តើ​ហេតុអ្វីបានជា​អ្នក​វាយខ្ញុំ 24ពេលនោះលោក​អាណ​ក៏​បញ្ជូនព្រះអង្គ​ទាំង​ជាប់ចំណងទៅ​សម្ដេច​សង្ឃកៃផា

ពេត្រុស​បដិសេធ​ព្រះយេស៊ូលើក​ម្ដងទៀត​

25ពេលនោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ដែល​កំពុង​ឈរអាំងភ្លើងថា៖ ​«តើអ្នក​មិន​មែន​ជាសិស្ស​ម្នាក់​របស់​អ្នកនោះដែរ​ទេ​?» ​គាត់​ក៏​បដិសេធថា៖ ​«ខ្ញុំមិន​មែន​ទេ»។ 26មានបាវបម្រើរបស់​សម្ដេច​សង្ឃម្នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​បាវបម្រើ​ម្នាក់​ដែល​លោក​ពេត្រុសបាន​កាត់​ដាច់ត្រចៀក​នោះ​បាន​និយាយថា៖ ​«តើ​ខ្ញុំមិន​បាន​ឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេ​ឬ?» 27លោកពេត្រុសបានបដិសេធម្ដងទៀតហើយមាន់ក៏រងាវឡើងភ្លាម

លោកពីឡាត់​កាត់​ក្ដី​ព្រះយេស៊ូ

28បន្ទាប់មកនៅព្រលឹមស្រាងៗពួកគេ​ក៏​នាំ​ព្រះ​យេស៊ូចេញពី​ផ្ទះ​លោក​កៃផាទៅបន្ទាយទ័ពប៉ុន្តែពួកគេមិន​បាន​ចូលទៅក្នុងបន្ទាយទ័ពទេក្រែងលោ​ធ្វើ​ឲ្យ​ពួកគេ​មិនបរិសុទ្ធ​ហើយ​មិន​អាច​បរិភោគ​នៅ​ថ្ងៃ​បុណ្យរំលង​បាន។ 29ដូច្នេះលោក​ពីឡាត់​ក៏​ចេញមកខាងក្រៅសួរពួកគេថា៖ ​«តើ​អ្នករាល់គ្នា​ចោទប្រកាន់បុរសនេះពី​រឿង​អ្វី 30ពួកគេឆ្លើយ​ទៅ​គាត់ថា៖ ​«បើ​បុរស​ម្នាក់​នេះមិន​បាន​ធ្វើ​អ្វី​អាក្រក់ទេ​នោះ​យើងមិនបញ្ជូនគាត់​មក​ឲ្យ​លោកទេ 31ដូច្នេះលោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេថា៖ ​«ចូរ​អ្នករាល់គ្នា​យក​គាត់ទៅកាត់ទោសតាមច្បាប់​របស់​អ្នករាល់គ្នា​ចុះ!» ​ប៉ុន្តែ​ពួក​ជនជាតិ​យូដាប្រាប់គាត់ថា៖ ​«យើងគ្មានច្បាប់សម្លាប់មនុស្ស​ណា​ម្នាក់ទេ»។ 32នោះក៏​សម្រេចតាមពាក្យ​របស់​ព្រះ​យេស៊ូដែល​ព្រះអង្គ​បាន​មានបន្ទូលបង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវសោយទិវង្គត 33លោកពីឡាត់​ក៏ចូល​ទៅក្នុងបន្ទាយទ័ព​វិញ​ហើយហៅ​ព្រះ​យេស៊ូមកសួរថា៖ ​«តើ​អ្នកជាស្ដេចជនជាតិយូដា​ឬ?» 34ព្រះយេស៊ូមាន​បន្ទូល​ឆ្លើយ​ថា៖ ​«តើ​លោកនិយាយដូច្នេះដោយខ្លួនឯងក៏​មាន​អ្នក​ណា​ម្នាក់​ទៀត​ប្រាប់លោកអំពីខ្ញុំ​ឬ?» 35លោកពីឡាត់ឆ្លើយថា៖ ​«តើខ្ញុំជាជនជាតិយូដា​ឬ​អី? ​ពួក​ជនរួមជាតិ​របស់​អ្នកនិង​ពួក​សម្ដេច​សង្ឃ​បាន​បញ្ជូនអ្នក​ឲ្យ​ខ្ញុំតើ​អ្នក​បាន​ធ្វើ​អ្វី​ 36ព្រះយេស៊ូមាន​បន្ទូល​ឆ្លើយ​ថា៖ ​«នគរ​របស់​ខ្ញុំមិន​មែន​នៅក្នុងលោកិយនេះទេបើនគរ​របស់​ខ្ញុំនៅក្នុងលោកិយនេះ​មែន​នោះ​ពួក​អ្នកបម្រើរបស់ខ្ញុំមុខជាវាយតយុទ្ធ​វិញ​មិនខានដើម្បីកុំ​ឲ្យ​គេ​បញ្ជូនខ្ញុំទៅ​ជនជាតិ​យូដាប៉ុន្តែឥឡូវនេះនគរ​របស់​ខ្ញុំមិន​មែន​នៅទីនេះទេ»។ 37លោកពីឡាត់ក៏សួរព្រះអង្គថា៖ ​«ដូច្នេះអ្នកជាស្ដេច?» ​ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយថា៖ ​«លោក​ទេតើ​និយាយថា​ខ្ញុំ​ជាស្ដេចខ្ញុំ​បាន​កើតមកក្នុងលោកិយនេះសម្រាប់​ការ​នេះគឺ​ឲ្យ​ខ្ញុំ​ធ្វើបន្ទាល់អំពីសេចក្ដីពិត​ហើយ​អស់អ្នកដែលកើតពីសេចក្ដីពិត​អ្នកនោះ​សំឡេង​របស់​ខ្ញុំ»។ 38លោកពីឡាត់ទូលសួរព្រះអង្គថា៖ ​«តើ​សេចក្ដីពិតជាអ្វី?» ​ពេលទូលដូច្នោះ​ហើយ​លោក​ពីឡាត់​ក៏​ចេញទៅជួប​ពួក​ជនជាតិ​យូដាម្ដងទៀតហើយនិយាយថា៖ ​«ខ្ញុំឃើញ​ថា​អ្នកនេះគ្មានទោសអ្វីឡើយ 39អ្នករាល់គ្នាមានទំនៀមទម្លាប់​ឲ្យ​ខ្ញុំ​ដោះលែង​មនុស្ស​ម្នាក់​សម្រាប់​អ្នករាល់គ្នានៅពេលបុណ្យរំលងដូច្នេះ​តើ​អ្នករាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែងស្ដេចរបស់​ជនជាតិ​យូដានេះ​សម្រាប់​អ្នករាល់គ្នាដែរឬទេ 40ពេលនោះពួកគេ​ស្រែកឡើងម្ដងទៀតថា៖ ​«កុំលែង​ម្នាក់​នេះ! ​លែងបារ៉ាបាសវិញ!» ​បារ៉ាបាស​គឺ​ជាចោរប្លន់
Copyright information for KhmKCB